បន្ទាប់ពីយុទ្ធនាការរៃអង្គាស៍ថវិកាជិត១ខែតាមរយះបណ្តាញសង្គមហ្វេសបុករួចមក នារសៀលថ្ងៃចន្ទ័ទី១៨ ខែឧសភាឆ្នាំ២០២០ ដោយមានការឯកភាពពីរដ្ឋបាលខេត្ត លោក ឆាយ ដួងសាវុធ ថ្នាក់ដឹកនាំក្រុមបាល់ទាត់ kratie fc និងជាតំណាងកីឡាករ កីឡាការនី អ្នកស្នេហាបាល់ទាត់ និងក្រុមបាល់ទាត់ស្ម័គ្រចិត្តក្នុងខេត្តក្រចេះ បានដឹកនាំយុវជនប្រគល់អាកុលនិងសាប៊ូជូនអាជ្ញាធរខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានមានសំដែងការសាទរចំពោះការសកម្មភាព និងការសាមគ្គីភាពរបស់យុវជនក្នុងខេត្តលើកិច្ចការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងCovid19។ សាប៊ូនិងអាកុលទាំងនេះខេត្តនឹងចាត់ចែងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់យុវជនឲ្យបន្តចូលរួមរាល់ការងារបំរើដល់ប្រយោជន៍សង្គម ខិតខំលេងកីឡា ដើម្បីមុខមាត់ខេត្តនិងប្រទេស ជៀសឆ្ងាយពីអំពើអបាយមុខនានា។ តែកំឡុងពេលនេះត្រូវបន្តរក្សាគម្លាត និងបន្ថយការជួបជុំគ្នា រង់ចាំរហូតដល់មានការណែនាំថ្មីពីក្រសួងជំនាញ។

គួរបញ្ជាក់ថាថវិកាសរុបដែលទទួលបានពីការចូលរួមមានចំនួន ១,០៦០,០០០ រៀល(មួយលាន ប្រាំមួយម៉ឺនរៀល) បានចាត់ចែង ទិញសាប៊ូបានចំនួន៥០០ដុំ និងអាកុលចំនួន ៨០លីត្រ។