កីឡាករមហាជនដែលជារៀមច្បងរបស់យុវជនក្នុងខេត្តក្រចេះបានប្រមូលផ្តុំគ្នាដើម្បី ចូលរួមជួយពង្រឹងដល់បាល់ទាត់សិស្សតាមរយះការប្រកួតមិត្តភាពដោយហៅឈ្មោះក្រុម ថា Kratie All Star។ កីឡាករទាំងអស់គឺចូលរួមដោយស្ម័គ្រចិត្តដោយជ្រើសរើសកីឡាករល្អៗពីក្រុមនានាក្នុងខេត្តសរុប ២២នាក់។

លោក សំ សុធិ ជាអ្នកសម្របសម្រួលក្រុមបានឲ្យដឹងថា ការប្រមូលផ្តុំនេះគឹដើម្បីចែក រំលែកបទពិសោធន៍តាមរយះការប្រកួតមិត្តភាពជាមួយនឹងជម្រើសសិស្សតែប៉ុណ្ណោះ។ ក្រុមនេះនឹងត្រូវរំសាយវិញក្រោយពេលដែលជម្រើសសិស្សចេញទៅប្រកួតថ្នាក់ជាតិ។ តែក្រុមអាចនឹងប្រមូលផ្តុំឡើងវិញ មុនពេលមានកម្មវិធីប្រកួតនានារបស់យុវជនក្នុងខេត្តជាពិសេសសាលាតំរង់ទិសអាយុក្រោម ១៦និង១៨ឆ្នាំ ។

តាមផែនការដែលបានត្រៀមជាមួយគ្រូបង្វឹកជម្រើសសិស្សក្រចេះ ការប្រកួតអាចនឹងមាន ២ទៅ៣លើក ទៀតបន្ទាប់ពីហ្វឹកហាត់ នឹងមុនពេលចេញទៅប្រកួត។

គួរបញ្ជាក់ថាការប្រកួតសិស្សមធ្យមសិក្សាថ្នាក់ជាតិនឹងប្រព្រឹត្តទៅក្នុងដើមសប្តាហ៍ទី១ ខែមីថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។